លោក ស ខេង សង្ស័យសមាជបក្សប្រឆាំងធ្វើឡើងខុសលក្ខន្តិកៈ
លោក ស ខេង សង្ស័យសមាជបក្សប្រឆាំងធ្វើឡើងខុសលក្ខន្តិកៈ
ភ្នំពេញៈ ក្រសួងមហាផ្ទៃកំពុងពិចារណា ថាតើក្រសួងគួរផ្តល់សុពលភាពនិងភាពស្របច្បាប់ដល់គណបក្សប្រឆាំងដែលជាគូប្រកួតប្រជែងដ៏ស្រួចស្រាល់ជាមួយគណបក្សប្រជាជន ឬអត់បន្ទាប់ពីគណបក្សនេះបានធ្វើសមាជជ្រើសរើសមេដឹកនាំបក្សថ្មីកាលពីដើមខែនេះដែលលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសង្ស័យថា អាចជាសមាជខុសច្បាប់។
ការថ្លែងរបស់លោក ស ខេង នេះ បានធ្វើឡើងស្របពេលដែលគណបក្សប្រជាជនរបស់លោកកំពុងតែធ្វើការប្រឆាំងជំទាស់ទៅនឹងពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិដែលសរសេរថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» និងបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានធ្វើសមាជជ្រើសរើសប្រធាន និងអនុប្រធានថ្មីកាលពីថ្ងៃទី ២ ខែមីនា បន្ទាប់ពីលោក សម រង្ស៊ី បានដាក់ពាក្យសុំលាលែងពីគណបក្ស។
នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវនៅក្នុងខេត្តកំពង់ស្ពឺកាលពីម្សិលមិញលោកឧបនាយករដ្ឋមន្រ្តី ស ខេង បានថ្លែងថាលោកនឹងពិនិត្យមើល និងសិក្សាល្អិតល្អន់អំពីសំណើរបស់គណបក្សសង្គ្រោះជាតិដែលដាក់មកក្រសួងមហាផ្ទៃដើម្បីសុំសុពលភាព និងភាពស្របច្បាប់របស់គណបក្សប្រឆាំងមួយនេះបន្ទាប់ពីគណបក្សនេះបានប្រារព្ធសមាជជ្រើសរើសប្រធាន និងអនុប្រធានគណបក្ស ។
លោក ស ខេង បានអះអាងថាគណបក្សសង្គ្រោះជាតិប្រហែលជាធ្វើផ្ទុយពីលក្ខន្តិកៈរបស់ខ្លួននៅក្នុងការធ្វើសមាជដោយសារយោងទៅតាមលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិដែលដាក់មកក្រសួងមហាផ្ទៃបានចែងថាបន្ទាប់ពីអវត្តមានរបស់ប្រធានគណបក្ស គណបក្សត្រូវទុកតំណែងនេះទំនេររហូតដល់ ១៨ ខែគណបក្សអាចធ្វើសមាជជ្រើសរើសប្រធានថ្មី ប៉ុន្តែលោក សម រង្ស៊ី ទើបតែលាលែងបានជាង ២ ខែគណបក្សសង្គ្រោះជាតិបានធ្វើសមាជ។
លោក ស ខេង ថ្លែងថា៖ «ខុស ឬត្រូវនៅពេល [យើង] សិក្សាគ្រប់ជ្រុងជ្រោយ ខ្ញុំនឹងឆ្លើយជាលាយលក្ខណ៍អក្សរដើម្បីផ្តល់សុពលភាពសម្រាប់សមាជរបស់គាត់។ [គណបក្សសង្គ្រោះជាតិ] បានផ្ញើឯកសារមកក្រសួងមហាផ្ទៃរួចហើយ។ ក្រសួងកំពុងពិនិត្យផ្តល់ភាពស្របច្បាប់ ឬសុពលភាពសម្រាប់សមាជរបស់គាត់»។
លោក ខេង បានថ្លែងបន្តថា៖ «ប្រយ័ត្ន តាម [ខ្ញុំ] ដឹងសុំទោសក្រែងលោ ខ្ញុំនិយាយមិនច្បាស់លក្ខន្តិកៈមុនរបស់គាត់ នៅពេលអវត្តមានប្រធានមិនដល់ ១៨ ខែកន្លែងនោះគេទុកទំនេរ។ សមាជ របស់គាត់គឺជាងពីរខែ។ រយៈពេលនេះគឺមិនលើស ១៨ ខែ ដូច្នេះហេតុអ្វីគាត់ជ្រើសរើសប្រធាន»។ «នេះក្រែងលោគាត់មិនគោរពលក្ខន្តិកៈរបស់គាត់។ បើអ៊ីចឹងមែន នេះពិបាកទទួលស្គាល់ [គណបក្សសង្គ្រោះជាតិ]»។
ពាក់ព័ន្ធនឹងករណីពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិដែលថា «ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្រ្ត» ដែលត្រូវបានចាត់ទុកថាជាការញុះញង់ និងប្រមាថ ហើយគណបក្សប្រជាជនកម្ពុជាគំរាមប្តឹង។
លោក ស ខេង មិនទាន់បានសម្រេចថាតើក្រសួងត្រូវតែចាត់វិធានការឬអត់នោះទេ គ្រាន់តែថ្លែងទៅគណបក្សសង្គ្រោះជាតិឲ្យប្រើពាក្យណាដែលប្រសើរជាងពាក្យនេះដើម្បីចៀសពីការបែកបាក់រវាងខ្មែរ និងខ្មែរ និងការញុះញង់។
លោក បន្តថា៖ «មេឃុំគណបក្សណាក៏ដោយ [មេឃុំនោះ] បម្រើបក្សនោះប៉ុន្តែទន្ទឹមនេះពួកគេមានកម្មវិធីនយោបាយរបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋទូទៅ»។
លោកបន្តថា គណបក្សសង្គ្រោះជាតិមិនចង់ឲ្យមេឃុំបក្សដទៃបម្រើបក្សរបស់ពួកគេ ប៉ុន្តែគាត់ចង់ឲ្យមេឃុំរបស់គាត់បម្រើបក្សរបស់គាត់ ប៉ុន្តែប្រសិនបើមេឃុំណាមួយមិនបម្រើបក្សរបស់គាត់ គាត់នឹងដកមេឃុំនោះហើយលោកថាក្នុងនាមជាក្រសួងមហាផ្ទៃ លោកដឹងអំពីរឿងនេះ។
ប៉ុន្តែអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងកាលពីម្សិលមិញថាសមាជរបស់គណបក្សសង្គ្រោះជាតិមិនផ្ទុយនឹងលក្ខន្តិកៈទេព្រោះគណបក្សសង្គ្រោះជាតិមានសមាជពីរ គឺសមាជវិសាមញ្ញ និងសមាជសាមញ្ញដែលអាចធ្វើឡើងម្តងក្នុងរយៈពេល ៥ ឆ្នាំហើយចំពោះសមាជវិសាមញ្ញអាចធ្វើឡើងពេលណាក៏បានដូច្នេះគណបក្សសង្គ្រោះជាតិធ្វើសមាជវិសាមញ្ញគឺស្របទៅនឹងស្ថានភាពនយោបាយដែលច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានធ្វើឡើង។
លោក អេង ឆៃអ៊ាង បានថ្លែងបន្តថា៖ «វិសាមញ្ញ [យើង] មិនកំណត់ពេលទេ វាអាស្រ័យទៅលើការងារចាំបាច់របស់គណបក្សនយោបាយណាមួយ។ ដូច្នេះដោយសារស្ថានភាពចាំបាច់តម្រូវឲ្យ [គណបក្សសង្គ្រោះជាតិ] ធ្វើសមាជវិសាមញ្ញនៅថ្ងៃទី ២ មីនា»។
លោកបន្តថា៖ «ហើយសមាជវិសាមញ្ញរបស់បក្សគោលបំណងធំគឺដើម្បីធ្វើវិសោធនកម្មប្រការចំនួនពីរគឺប្រការ ៤៥ និងប្រការ ៤៧ ឲ្យស្របទៅនឹងស្ថានភាពនយោបាយ។ ដូច្នេះសមាជរបស់យើងគ្មានអ្វីខុសច្បាប់ទេ»។
«ប្រសិនបើមិនមានការធ្វើច្បាប់ស្តីពីគណបក្សនយោបាយយើងមិនចាំបាច់ធ្វើសមាជវិសាមញ្ញអីទេ»។
លោកបន្ថែមថា៖ «ផ្អែកតាមគោលការណ៍លក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិចែងថានៅពេលអវត្តមានប្រធានបក្សតិចជាង ១៨ ខែគណបក្សឲ្យអនុប្រធានធ្វើជាប្រធានស្តីទីដើម្បីដឹកនាំ និងរៀបចំការងារបក្ស ប៉ុន្តែផ្អែកតាមស្ថានភាពនយោបាយដែលចាំបាច់គណបក្សសង្គ្រោះជាតិត្រូវតែធ្វើសមាជវិសាមញ្ញដើម្បីធ្វើវិសោធនកម្មលក្ខន្តិកៈពាក់ព័ន្ធនឹងប្រធាន និងអនុប្រធាន។
ពាក់ព័ន្ធនឹងការសុំឲ្យប្តូរពាក្យស្លោកនយោបាយ លោក ឆៃអ៊ាង មិនបានថ្លែងថាតើគណបក្សសង្គ្រោះជាតិប្តូរពាក្យស្លោកនេះឬអត់ទេដោយលោកទទូចឲ្យអ្នកនយោបាយកុំយកចិត្តទុកដាក់ជាមួយនឹងពាក្យស្លោកនេះព្រោះគ្មានអ្វីធ្ងន់ធ្ងរទេ។
លោក ឆៃអ៊ាង បានថ្លែងថា៖ «បើវាមិនឆ្លុះបញ្ចាំងពីតថភាពនៅក្នុងសង្គម វានឹងបាត់ដោយខ្លួនឯងនៅពេលមានប្រជាពលរដ្ឋប្តឹង យើងបានចុះសង្កេតឃើញថាមេឃុំនោះពាក់ព័ន្ធនឹងរឿងអ្វីមួយពិតមែនយើងនឹងដូរនេះជាសិទ្ធិរបស់គណបក្សនយោបាយ»៕ PS
លោក ស ខេង សង្ស័យសមាជបក្សប្រឆាំងធ្វើឡើងខុសលក្ខន្តិកៈ
Reviewed by Khmer Technology
on
12:43 PM
Rating:
Reviewed by Khmer Technology
on
12:43 PM
Rating:
