លោក ប៊ិន ឈិន ក្លាយជារដ្ឋមន្ត្រីស្ដីទី ក្រោយលោក សុខ អាន ទទួលមរណភាពព្រោះរោគា
លោក ប៊ិន ឈិន ក្លាយជារដ្ឋមន្ត្រីស្ដីទី ក្រោយលោក សុខ អាន ទទួលមរណភាពព្រោះរោគា
ភ្នំពេញ: លោក ប៊ិន ឈិន សមាជិកគណៈអចិន្រៃ្តយ៍នៃគណបក្សប្រជាជនកម្ពុជាត្រូវបានតែងតាំងជារដ្ឋមន្ត្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីជំនួសលោក សុខ អាន ដែលបានទទួលមរណភាពក្រោយពីបានទទួលបន្ទុកមុខតំណែងនេះអស់រយៈពេលប្រមាណជា ២៥ ឆ្នាំនៅក្នុងបក្សកាន់រដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សកាន់រដ្ឋាភិបាលយូរជាងគេបំផុតនៅក្នុងតំបន់អាស៊ីបានចុះហត្ថលេខាកាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៧ ក្នុងការសម្រេចស្ដីពីការប្រគល់ភារកិច្ចបន្ថែមជូនលោក ប៊ិន ឈិន ជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកប្រចាំការ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅក្នុងសេចក្ដីសម្រេចនេះថា៖ «ត្រូវបានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកប្រចាំការជារដ្ឋមន្ត្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ជំនួសសម្ដេច វិបុលបញ្ញា សុខ អាន ដែលបានទទួលមរណភាព»។
លោកសរសេរបន្តថា៖ «ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន និងឯកឧត្តម ប៊ិន ឈិន ត្រូវអនុវត្តតាមសេចក្ដីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»។
យោងតាមគេហទំព័រ CEN លោក ប៊ិន ឈិន គឺជាឥស្សរជនមួយរូបរបស់គណបក្សប្រជាជនកម្ពុជាជាតំណាងរាស្ត្រ មណ្ឌលព្រៃវែង ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៣ និងជាអតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញពីរអាណត្តិពីឆ្នាំ ២០០១-២០០៧។ លោកកើតនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ១៩៤៩ នៅឃុំជើងទឹក ស្រុកកំពង់លាវ ខេត្តព្រៃវែង។
គួររំឭកផងដែរថាសេចក្ដីសម្រេចនេះបានធ្វើឡើងប៉ុន្មានម៉ោងក្រោយពីសព លោក សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីបានដឹកតាមយន្តហោះពីទីក្រុងប៉េកាំងនៃប្រទេសចិនមកដល់កម្ពុជាវិញកាលពីវេលាទៀបភ្លឺម្សិលមិញនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយបានដង្ហែដោយក្បួនឡាន និងម៉ូតូកិត្តិយសភ្លាមៗក្រោយពីបានធ្វើពិធីសាសនាចប់នៅពេលយន្តហោះឆ្ពោះទៅកាន់កន្លែងប្រារព្ធពិធីបុណ្យស្ថិតនៅគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ។
លោក ប៊ិន ឈិន បានទទួលភារកិច្ចជារដ្ឋមន្ត្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសាររំលែកទុក្ខនៅក្នុងហ្វេសប៊ុករបស់លោកថា៖«ខ្ញុំ និងភរិយាព្រមទាំងក្រុមគ្រួសារសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះសម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីដែលបានទទួលមរណភាពនៅវេលាម៉ោង ១៨:៣២ នាទីនាថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៧ នេះនៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន ក្នុងជន្មាយុ ៦៦ ឆ្នាំ ដោយរោគាពាធ។ សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមតស៊ូលះបង់បម្រើប្រទេសជាតិអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលបានធ្វើឲ្យកម្ពុជាមានការរីកចម្រើនមកទល់សព្វថ្ងៃ។ នេះគឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់បំផុតម្នាក់របស់កម្ពុជាដែលយើងទាំងអស់គ្នាចងចាំជានិច្ច»។
យោងតាមកម្មវិធីបុណ្យសពបានឲ្យដឹងថាសព លោក សុខ អាន ត្រូវបានតម្កល់នៅភូមិគ្រឹះលោកពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែមីនាដើម្បីរៀបចំពីធីតាមប្រពៃណី និងជំនឿសាសនាហើយការរំកិលសពចេញពីភូមិគ្រឹះទៅកាន់ទីឈាបនដ្ឋានមុខវត្តបទុមវតីនៅព្រឹកថ្ងៃទី ១៩ មីនា។
លោក អ៊ុច គឹមអ៊ន អតីតអគ្គរាជទូតកម្ពុជានៅទីក្រុងប៉ារីស ប្រទេសបារាំងដែលបានចូលរួមរំលែកទុក្ខកាលពីម្សិលមិញថ្លែងថា៖ «ហូ! សោកស្តាយហួសនិយាយស្តីព្រោះបាត់បង់សហការីប្រកបដោយបញ្ញាឈ្លាសវៃ ព្រោះខ្ញុំចូលរួមតាំងពីការចរចាសន្ធិសញ្ញាទីក្រុងប៉ារីស ហើយចុងក្រោយរឿងបញ្ហាព្រះវិហារដែលបានចុះបេតិកភណ្ឌពិភពលោកបានជោគជ័យក៏ដោយសារស្នាដៃឯកឧត្តម សុខ អាន នេះដែរ។ យើងសោកស្តាយណាស់»។
ខណៈ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញដែលបានចូលរួមក្នុងពិធីបុណ្យសពនេះដែរបានថ្លែងថា៖ «បាត់វីរជនសំខាន់ម្នាក់ដែលបានរួមចំណែកការងាររដ្ឋាភិបាលមួយជីវិត។ យើងបានធ្វើការជាមួយគ្នាតាំងពីជំនាន់លំបាករហូតមកបច្ចុប្បន្ន។ គាត់ធ្វើការអស់ពីកម្លាំងកាយចិត្ត។ លោកមានចំណេះវិជ្ជា និងមានទេពកោសល្យទាំងការទូត ទាំងការងារសេដ្ឋកិច្ចសង្គម និង វប្បធម៌គឺលោកបានស៊ីជម្រៅ»។
នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងជាជំនួយការអមក្រសួងបរិស្ថានបានសរសេរប្រវត្តិសង្ខេបរបស់លោក សុខ អាន ដែលភ្នំពេញប៉ុស្តិ៍សង្ខេបចេញពីខ្លឹមសារដើមដូចមានខាងក្រោមៈ
មេដឹកនាំកំពូលចូលរួមបុណ្យសព លោក សុខ អាន។
-លោក សុខ អាន បានចូលរួមក្នុងដំណើរចរចាស្វែងរកសន្តិភាពជូនកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតឈានដល់ចុះកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ដែលនាំមកនូវការបង្រួបបង្រួមជាតិក្នុងចំណោមភាគីកម្ពុជាមានជម្លោះ និងឈានដល់ការរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមទាំងស្រុងក្រោមការអនុវត្តនយោបាយឈ្នះ-ឈ្នះ នាំយកនូវសន្តិភាពពេញលេញ បង្រួបបង្រួមជាតិ ឯកភាពជាតិ និងបូរណភាពដែនដី។
-បានចូលរួមយ៉ាងសកម្មនៅក្នុងការស្តារ និងកសាងជាតិឡើងវិញចាប់តាំងពីកម្ពុជាបានចាកផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុល ពត រហូតដល់កម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យមកទល់សព្វថ្ងៃនេះ។
-ជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការចរចាបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដើម្បីជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងនៅក្នុងរបបខ្មែរក្រហមពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៧៩។
-ក្នុងដំណើរការនេះលោក សុខ អាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតសាលាក្តីខ្មែរក្រហមរហូតដល់តុលាការនេះសម្រេចបានលទ្ធផលជាច្រើនក្នុងការនាំយកនូវយុត្តិធម៌ជូនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហមដ៏ឃោរឃៅបំផុត។
-បានដឹកនាំការចរចាលើជម្លោះព្រំដែន កម្ពុជា-ថៃ និងរឿងក្ដីប្រាសាទ ព្រះវិហារខ្មែរហើយបានឈ្នះក្ដីនៅតុលាការយុត្តិធម៌អន្ដរជាតិជាពិសេសការគ្រប់គ្រងតំបន់ប្រាសាទព្រះវិហារបានក្លាយទៅជាបេតិកភណ្ឌពិភពលោក និងត្រូវពិភពលោកយកចិត្តទុកដាក់ក្នុងការអភិរក្ស និងអភិវឌ្ឍបានការពារបូរណភាពទឹកដីសម្បត្តិវប្បធម៌ជាតិខ្មែរ និងបានដាក់ប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។
-បានបង្កើតឱ្យមានអាជ្ញាធរជាតិអប្សរាដើម្បីអភិរក្ស និងអភិវឌ្ឍតំបន់អង្គរទាំងមូល និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលជាប្រភពចំណូល។
-បានតតាំងក្ដីជាមួយនឹងក្រុមហ៊ុនដ៏ល្បីរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងរឿងក្តីក្បាលអ្នកតារបស់ខ្មែររហូតបានឈ្នះក្ដី និងបានប្រគល់ជូនកម្ពុជាវិញនូវក្បាលអ្នកតាមួយចំនួន។
-បានបង្កើតឱ្យមាននូវសាលាភូមិន្ទរដ្ឋបាលរាជបណ្ឌិត្យសភាកម្ពុជា និងរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការអាជ្ញាធរប្រេងកាតជាដើម។
លោក ភក្ត្រា បាននិយាយថា៖ «ទោះបីជាសម្តេចបានចាកឆ្ងាយពីប្រជាជាតិខ្មែរយ៉ាងណាក៏ដោយ ប៉ុន្តែកេរ្តិ៍ឈ្មោះដ៏ល្អ និងមានឈ្មោះថាជាវីរបុរសជាតិខ្មែរសម័យទំនើបនៅតែដក់ជាប់នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាជានិច្ច»៕
លោក ប៊ិន ឈិន ក្លាយជារដ្ឋមន្ត្រីស្ដីទី ក្រោយលោក សុខ អាន ទទួលមរណភាពព្រោះរោគា
Reviewed by Khmer Technology
on
12:21 PM
Rating:
Reviewed by Khmer Technology
on
12:21 PM
Rating:

